Monday, March 30, 2015

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះបាទបសេនទិកោសល និង បុរសម្នាក់

ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យស្នេហាលើភរិយា របស់បុរសម្នាក់ យ៉ាងខ្លាំង ហើយទ្រង់បានបង្កើតឧបាយកលមួយ ដើម្បីនឹងទ្រង់យកកំហុស ប្រហារជីវិតបុរសជាស្វាមីនាងនោះចោល ហើយយកភរិយាមក ដើម្បីឣភិរម្យរួមរស់ស្នេហា ។

បុរសជាស្វាមី បានដឹងហើយ មានការភ័យខ្លាច យ៉ាងខ្លាំង ចំពោះមរណភ័យ មិនដឹងជានឹងធ្វើយ៉ាងណាបាន នឹងរកបុគ្គលណាម្នាក់ មកធ្វើជាទីពឹងពាក់ឣាស្រ័យដល់ខ្លួន ក៏រកមិនបានដែរ, គិតទៅគិតមក ឃើញមានតែព្រះសង្ឃទេ ដែលឣាចពឹងពាក់ឣាស្រ័យ ជួយឣនុគ្រោះខ្លួនបាន ព្រោះដឹងច្បាស់ថា “ព្រះសង្ឃ ជាឣ្នកមានព្រះទ័យ មេត្តា ករុណា ច្រើន” ។

ពិតណាស់ មនុស្សយើង កាលដែលមិនទាន់មានសេចក្តីទុក្ខដ៏ធំ កើតមាន មកដល់ខ្លួនទេ ពុំដឹងថា “ព្រះសង្ឃជាឣ្នកមានចិត្តមេត្តាករុណា” លុះត្រាតែមានសេចក្តីទុក្ខដ៏ធំកើតឡើងហើយ ទើបបានដឹងថា ព្រះសង្ឃ ជាឣ្នកមានចិត្តល្អ ។ បុរសស្វាមីនោះ បានដឹងយ៉ាងនេះហើយ ទើបចូលទៅរកវត្ត ថ្វាយបង្គំព្រះសង្ឃ ទាំងទឹកភ្នែកដែលហូររហាម សុំព្រះសង្ឃស្នាក់នៅឣាស្រ័យ ជាការបណ្តោះឣាសន្នសិន ។

ព្រះសង្ឃ បានឃើញហើយ ក៏មានចិត្តឣាណិតឣាសូរ បានឲ្យទីនៅឣាស្រ័យ ឲ្យបាយទឹក ម្ហូបឣាហារ ដល់បុរសនោះ សមតាមសេចក្តីត្រូវការ ។

ក្នុងរាត្រីនោះឯង ព្រះបាទបសេនទិកោសល ទ្រង់មានព្រះ ទ័យក្រហល់ក្រហាយ ដោយកាមរាគៈ ទ្រង់ព្រះបន្ទំ ពុំបានលក់សោះ ព្រោះទ្រង់ព្រះចិន្តា នឹកឃើញតែសេចក្តីស្នេហាប៉ុណ្ណោះ ឥតស្រាកស្រាន្តឡើយ, លុះដល់ពាក់កណ្តាលឣាធ្រាត្រយប់ស្ងាត់, ព្រះឣង្គ ទ្រង់ព្រះសណ្តាប់សំឡេងប្រេតស្រែក ថា “ទុ... ស... ន... សោ...” ទ្រង់មានព្រះហប្ញទ័យ ភ័យខ្លាច ចំពោះមរណភ័យ យ៉ាងក្រៃលេង ។

ព្រះនាងមល្លិកា ទ្រង់ជ្រាបថាៈ ព្រះស្វាមី មិនសប្បាយព្រះទ័យ ទើបនាំព្រះឣង្គទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿង រ៉ាវនោះ ថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ព្រះធម៌ទេសនា ពន្យល់ឲ្យព្រះរាជា ទ្រង់ឣស់សេចក្តីសង្ស័យហើយ ឲ្យកើតមានព្រះទ័យ ភ័យខ្លាចតក់ ស្លុតរន្ធត់ ចំពោះទោសនៃការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទីឃា ជាគរតោ រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលានំ សំសារោ សទ្ធម្មំ អវិជ្ជានតំ ។

រាត្រីវែងចំពោះតែឣ្នកភ្ញាក់រព្ញក(ឣ្នកដេកមិនលក់) យោជន៍វែងចំពោះតែឣ្នកនឿយហត់, សង្សារវដ្តវែងចំពោះតែបុគ្គលពាលទាំងឡាយ ដែលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។

Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

1 comments:

  1. ខ្ញុំកូណាអានហើយជ្រះថ្លា ចូលចិត្ត​ តើនឹងសុំចែករំលែកអត្ថបទព្រះធម្នៅទីនេះទៅfbផងបានទេ ព្រះអង្គ🙏

    ReplyDelete

 

Copyright @ 2017 វត្តថ្មី​គ្រើល.