Tuesday, April 26, 2022

វិសាខបូជា

​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩ ។

​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

ព្រឹត្តិការណ៍​ទាំងនោះ គឺ

  • ការ​ប្រសូត
  • ការ​ត្រាស់ដឹង
  • ​ការចូល​និព្វាន​។​

​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​

  • ​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។
  • ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។
  • ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦១​ឆ្នាំ​ហើយ​។

​យើង​សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ​ឯ​ង៕



RRM

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.