Friday, April 11, 2014

ប្រ​វត្តិ របស់​វត្ត​ថ្មី​គ្រើល



 

វត្តថ្មី ហៅ (គ្រើល) បាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ ១៨៧៦ ដោយ​មាន​លោក​គ្រូ​ចៅ​អធិការ​ព្រះនាម​ម៉ា​ឯក ជា​មេ​គំនិត។ ដីស្ថាបនា​វត្ត​នេះ មាន​ទំហំ ២៧៦៧៦ម ដែល​ជា​កម្មសិទ្ធ របស់​ឧបាសក ត្រោក និង ឧបាសិកា សួស ដោយ​អ្នក​ទាំង​ពីរ​ជា​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ស្រាប់​នោះ គាត់​ក៏​បាន​វេរ​ផ្ទេរ​ដី​នេះ​ប្រគេន​ព្រះ​សង្ឃ​ដើម្បី បាន​ជា​សម្បត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។

   វត្តថ្មី ហៅ (គ្រើល) នេះ​មាន​អាយុ​កាល ១៣៧ឆ្នាំ​ហើយ ព្រម​ទាំង​មាន​ព្រះ​គ្រូចៅ​អធិការ​គ្រប់​គ្រង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ចំនួន​៩​ព្រះ​អង្គ ហើយ ដែល​មាន​ព្រះ​នាម និង​ស្នា​ព្រះហស្ថ​ដូច​តទៅ ៖

១.ព្រះ​តេជ​គុណ ម៉ា ឯក បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចាប់​តាំង​ពី ឆ្នាំ ១៨៧៦ ដល់ ឆ្នាំ ១៨៩១ នៅ​ក្នុង​រយៈ​កាល​ជា​ចៅ​អធិការ​នេះ​ព្រះ​តេជ​គុណ​អង្គ​នេះ​មាន​វិរិយ​ភាព​ដ៏​មោះ​មុត​ជួយ​លើក​ដំកើង​ព្រះ​ពុទ្ធ​សាសនា ដោយ​បាន​ស្ថាបនា ព្រះ​វិហារ ឧបដ្ឋាន​សាលា​មួយ​ខ្នង កុដិ ដាំ​កូន​ឈើ​ផ្សេងៗ ព្រម​ទាំង​បាន​ពង្រាប​ដី​ក្នុង​ទីវត្ត​ឱ្យ​រាប​ស្មើរ​ល្អ។ ព្រះ​តេជ​គុណ ម៉ា ឯក​ កាន់​ដំណែង​ជា​ចៅ​អធិការ​បាន​ចំនួន​១៥ វស្សា ក៏​បាន​លា​ចាក​សិក្ខា​បទ​ទៅ​ជា ឃរា​វាស វិញ។

២.ព្រះ​តេជ​គុណ ចាប ម៉ៅ បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចាប់​តាំង​ពី ឆ្នាំ ១៨៩១ ដល់ ឆ្នាំ ១៩៣១ ព្រះ​តេជ​គុណ​អង្គ​នេះ​ក៏​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា ដូច​ព្រះ​ចៅ​អធិការ​អង្គ​មុន​ដែរ គឺ​លោក​បាន​ស្ថាបនា ខឿន​ព្រះ​វិហារ​ បល្ល័ង្គ​ព្រះ​ពុទ្ធ​រូប ជីក​ស្រះ​ទឹក​ពីរ ដាំ​ឫស្សី​ជុំ​វិញ​បរិវេណ​វត្ត ចេតិយ៏២ កុដិ​១ខ្នង ឧបដ្ឋាន​សាលា​១​ខ្នង លោក​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចំនួន ៤០​វស្សា ក៏​ទទួល​អនិច្ច​ធម្ម ទៅ​ដោយ​រោគ ជរា។

៣.ព្រះ​តេជ​គុណ ស្រី ហែម បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចាប់​តាំង​ពី ឆ្នាំ ១៩៣១ ដល់ ឆ្នាំ ១៩៥១ ក្នុង​រយៈ​កាល​ជា​ចៅ​អធិការ​លោក​ក៏​មាន វិរិយៈ​ភាព​គួរសម​ដែរ ក្នុង​ការ​លើក​ដំកើង​ព្រះពុទ្ធ​សាសនា គឺ​លោក​បាន​ជួស​ជុល ឧបដ្ឋាន​សាលា​១ខ្នង កុដិ​១ខ្នង ចេតិយ៏១។ លោក​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចំនួន ២០ វស្សា​ក៏​លា​ចាក​ដំណែង​ទៅ។

៤.ព្រះ​តេជ​គុណ ព្រុំ ឃុត ព្រះ​តេជ​គុណ​អង្គ​នេះ​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ចាប់​តាំង​ពី ឆ្នាំ ១៩៥១ ដល់​ឆ្នាំ ១៩៥៦ លោក​មាន​ប្រាជ្ញា​វៃ​ឈ្លាស​ក្នុង​ការ​លើក​ដំកើង និង​ជួយ​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា ដោយ​ជួយ​ស្ថាបនា ហោ​ត្រ័យ ជីក​ស្រះ​ទឹក១ ដាំ​កូន​គគីរ ដូង ហើយ​បាន បង្កើត​សាលា​អនុ​វត្តន៏១ខ្នង។ លោក​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ អស់​រយៈកាល៥ វស្សា ក៏​លា​ចាក​សិក្ខាបទ ជា​ឃរា​វាស​វិញ។

៥.ព្រះ​តេជ​គុណ មាស ក្រាញ់ បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​​ចាប់​តាំង​ពី ឆ្នាំ ១៩៥៦ ដល់ ឆ្នាំ ១៩៧៥ ព្រះ​តេជ​គុណ​អង្គ​នេះ​មាន​វិរិយ​ភាព​ខ្លាំង​ក្លា ក្នុង​ការ​ជួយ​ និង​លើក​ដំកើង​ព្រះ​ពុទ្ធ​សាសនា ជាតិ ជាទី​បំផុត។ លោក​បាន​បង្កើត សា​លា​បឋម​សិក្សា​បំពេញ​វិជ្ជា ៧​ថ្នាក់ ឧបដ្ឋាន​សាលា​១ខ្នង សា​លា​ពុទ្ធិ​កបឋម​សិក្សា​១ខ្នង ព្រម​ទាំង​បាន​និមន្ត លោក​គ្រូ​អាចារ្យ មក​បង្ហាត់ បង្រៀន ភិក្ខុ សាម​ណេរ អស់​រយៈ​ពេល ១០ឆ្នាំ​ពុំ​ដែល​ខាន។ ម្យ៉ាង​ទៀត បាន​ជាវ​ដី​នៅ​ខាង​មុខ​វត្ត ដោយ​មាន លោក រស់ ផាត និង​ភរិយា​បាន​ចេញ​បច្ច័យ​ចំនួន 
១០០០រៀល និង​ពុទ្ធបរិស័ទ ១០០០​រៀល ដើម្បី​ពង្រីក​ទី​វត្ត​ឱ្យ​បាន​ធំ​ទូលាយ។ រួច​ហើយ​លោក​យាយ ហ៊ុន ជា​ម្ចាស់​ដី​បាន​ចូល​បច្ច័យ មក​វិញ​ចំនួន ៥០០​រៀល។ រីឯ​ខាង​ជើង​ជា​កម្ម​សិទ្ធ​របស់ ឧបាសក នាង និង​ឧបា​សិកា ឡី មាន​សទ្ធា​ជ្រះ​ថ្លា​វេរ​ប្រគេន​ព្រះ​សង្ឃ សំរាប់​កសាង​សាលា​រៀន។ ក្រៅ​ពី​សមិទ្ធិ​ផល ជា​ស្នា​ព្រះ​ហស្ថ ដូច​មាន​រៀប​រាប់​ខាង​លើ ព្រះ​តេជ​គុណ​អង្គ​នេះ ជាមួយ ឧបាសក អ៊ុក យូរ និង​លោក​តា ជាង គឹម នៅ​សង្កាត់​ច្បារ​អំពៅ ស្រុក​កៀន​ស្វាយ ខេត្ត កណ្តាល បាន​ពិភាក្សា មូល​មតិ​គ្នា ជា​មួយ​អាចារ្យ គណៈ​កម្ម​ការ និង​ពុទ្ធ​បរិស័ទ​ជើង​វត្ត បាន​រុះរើ ព្រះ​វិហារ​ចាស់ ដែល​បាក់​បែក​ទ្រុឌ​ទ្រោម ពុំ​អាច​ឱ្យ​ព្រះ​សង្ឃ​ធ្វើ​សង្ឃ​កម្ម​ផ្សេងៗ​បាន ក៏​បាន​ស្ថាបនា​ឡើង​វិញ ក្នុង​រយៈ​កាល ៥​ឆ្នាំ​គត់ គឺ​ចាប់​ពី ឆ្នាំ១៩៦៣ ដល់​ឆ្នាំ១៩៦៨ ព្រះ​វិហារ​ថ្មី​ជា​សមិទ្ធិ ដ៏​ទំនើប មួយ​បានលេច​រូប​រាង ពេញ​លក្ខណៈ​ឡើង​អស់ តម្លៃ ៦០០០០០រៀល។ ក្រោយ​ពី​ថ្ងៃ ១៧ មេ​សា ឆ្នាំ១៩៧៥ រដ្ឋ​អំណាច​បន​ប្រល័យ ពូជ​សាសន៏ ជា​ទមិឡ អន្យតិរ្ថិយ៏ ឥត​សាសនា ប៉ុល ពត អៀង សារី ខៀវ សំ​ផន បាន​ពិឃាដ​​ផង បង្ខិត​បង្ខំ​ព្រះ​សង្ឃ អោយ​លាចាក​សិក្ខាបទ​ផង រហូត​អស់​ព្រះ​សង្ឃ ពី​ប្រទេស​កម្ពុជា ទាំងមូល។ បន្ត​មក បន​ប្រល័យ​ពូជ​សាសន៏ បាន​កម្ទេច​វត្ត​អារាម កុដិ សាលា​រៀន ព្រះ​វិហារ ព្រះ​ចេតិយ៏ ខឿន​ព្រះ​ស្ដូប និង​ដុត​កម្ទេច​បំផ្លេច​បំផ្លាញ​នូវ គម្ពីរ​ដីកា ធម៌​អាថ៌ ដែល​ជា​ឫស​កែវ ឬ​គោល​ចារឹក នៃ​ព្រះ​ពុទ្ធ​សាស​នា ទាល់​តែ​អស់​រលីង។ ជា​មួយ​នេះ​ព្រះ​តេជ​គុណ ចៅ​អធិការ មាស ក្រាញ់ បាន​កាន់​ដំណែង​ជា​ចៅ​អធិការ បាន​១៩​វស្សា។ ចាប់​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ព្រះ​ពុទ្ធ​សាសនា​ទូទាំង​ប្រទេស កម្ពុជា​យើង​ត្រូវ​បាន​សាប​សូន្យ គ្មាន​ព្រះ​សង្ឃ​មួយ​អង្គ​ឡើយ ដោយ​ពួក បន ប៉ុល ពត អៀង​ សារី បំផ្លាញ​ខ្ទេច​ខ្ទី​អស់។

   ចាប់​ពី​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មក​ដល់​បច្ចុប្បន្ន​សព្វ​ថ្ងៃ​នេះ ដោយ​សារ​គុណ​រណៈ​សិរ្ស​សាមគ្គី សង្រ្គោះ​ជាតិ កម្ពុជា យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្ដាល បង្កើត​ឱ្យមាន​ព្រះពុទ្ធ​សាសនា មាន​ព្រះ​សង្ឃ និង រៀប​ចំ​វត្ត​អារាម ឡើង​វិញ​នៅ​ទូទាំង​ប្រទេស។ ដោយ​ឡែក នៅ​វត្ត ថ្មីគ្រើល ឃុំ​អន្សោង ស្រុក​កំពង់​ត្របែក ខេត្ត ព្រៃ​វែង​យើង ក៏​មាន​ជីវិត រស់​រាន​មាន​មុខ​មាត់ ពន្លឺ​រស្មី ព្រះ​ពុទ្ធ​សាសនា​ឡើង​វិញ​ដែរ ដោយ​ការ​ចេះ​ចាំ​ពុទ្ធ​វចនៈ ផង​ការ​ស្រាវ​ជ្រាវ​រាវ​រក​នូវ គម្ពី ដីកា ព្រះ​ត្រៃបិដក​ផង និង ទំនាក់​ទំនង ជា​មួយ​រដ្ឋ រក​ព្រះ​គ្រូ​ឧបជ្ឈាយ៏ បំបួស​ភិក្ខុ សាម​ណេរ ផង របស់​ពុទ្ធ​បរិស័ទ​ យើង។

   វត្ត ថ្មី ហៅ គ្រើល ក៏​មាន​ព្រះសង្ឃ​បន្ត​បន្ទាប់​រហូត​មក​គឺ ៖

៦.ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ១៩៨០ ពុទ្ធ​បរិស័ទ​បាន​និមន្ត ព្រះ​តេជ​គុណ​ព្រះ​នាម ប៉ុល មក​ពី​វត្ត​ដក​ពរ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​រៀង ខេត្ត​ស្វាយ​រៀង មក​គង់​ចាំ​ព្រះ​វស្សា ដើម្បី​ពុទ្ធ​បរិស័ទ​ធ្វើ ទាន សីល ភាវនា។ បន្ត​មក​បាន​លោក​តា​ឧបាសក កែវ សំ ចូល​សុំ​បព្វជ្ជា​ពី​ឆ្នាំ ១៩៨១ ហើយ​ក៏​ទទួល​ភារ​កិច្ច​ជា​ប្រធាន​សង្ឃ​ក្នុង​ទី​វត្ត ថ្មី​គ្រើល លុះ​ដល់​ឆ្នាំ ១៩៨៣ ព្រះ​អង្គ​ក៏​មាន​ជរា​ពាធ ចូល​មក​រុក​រាន​ក្នុង​នគរ​កាយ​យ៉ាង​ធ្ងន់​ធ្ងរ ក៏​លាចាក​សិក្ខា​បទ​ទៅ​ជា​ឃរាវាស​វិញ។ ក្នុង​ដំណាក់​កាល​ព្រះ​តេជ​គុណ​អង្គ​នេះ បាន​ស្ថាបនា ឧបដ្ឋាន​សាលា​១ខ្នង និង ជួស​ជុល កុដិ​ហោ​ត្រ័យ សម្រាប់​ព្រះ​សង្ឃ​គង់​នៅ ព្រះ​តេជ​គុណ​អង្គ​នេះ​បាន​កាន់​ដំណែង​ជា​ប្រធាន​សង្ឃ​បាន​៣វស្សា។
 

៧.ព្រះ​តេជ​គុណ​ព្រះ​នាម អ៊ុន ហាំ បាន​ទទួល​ដំណែង​បន្ត​ជា​ប្រធាន​សង្ឃ​ពី​ឆ្នាំ ១៩៨៣ ព្រះ​តេជ​គុណ​អង្គ​នេះ​មាន​ព្រះ​ទ័យ​ល្អ​នៅ​ក្នុង​ការ​ស្នេហា​ជាតិ​កំរិត​ខ្ពស់ បាន​ខិត​ខំ​ដឹក​នាំ​ពុទ្ធ​បរិស័ទ ស្ថាបនា​សាលា​រៀន​កំរិត​សិក្សា​ទី១ បាន​៣​ខ្នង មាន​៨បន្ទប់ សាលា​ទាំង​នោះ សុទ្ធ​តែ​សង់​អំពី​គ្រឿង​ឈើ​ប្រក់​ស្លឹក។ ជម្រុញ​ការ​សិក្សា​ពីថ្នាក់​កំរិត​ដំបូង​រហូត​ដល់​ថ្នាក់​ទី៤ មាន​៩ថ្នាក់ ក្រៅ​ពី​នេះ​ព្រះ​អង្គ​មាន​ព្រះទ័យ​ទុក​ដាក់ ក្នុង​ការកសាង​ព្រះ​ពុទ្ធ​សាសនា បាន​កសាង​ដំបូល​ព្រះវិហារ ជាវ​ព្រះ​បដិមា​១ព្រះ​អង្គ​ធ្វើ​អំពី​ស្ពាន់ ដំបូល​ហោ​ត្រ័យ និង​អាគារ​សិក្សា​១ខ្នង ដែល​ជា​សទ្ធា​ជ្រះ​ថ្លា របស់​លោក​យាយ មហា​ឧបា​សិកា ឌី ប៉ុក ដែល​ជា​មាតា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើស​ពី​នេះ​ព្រះ​​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​ការពារ​វត្ត​អារាម ដាំ​កូន​ឈើ​មាន ត្នោត ដូង ស្វាយ -ល-។ លោក​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​បាន​ចំនួន ១៣​វស្សា ក៏​ទទួល​អនិច្ច​ធម្ម​ទៅ នៅ​ថ្ងៃ ១៤កើត ខែ​មិគ​សិរ ឆ្នាំ​ជូត អដ្ឋ​ស័ក​​​​​​​​​​​ ពស ២៥៤០ ត្រូវ​នឹង​ថ្ងៃ ពុធ ខែ​ធ្នូ ឆ្នាំ១៩៩៦ ដោយ ជរា​ពាធ។
 
៨.ព្រះ​តេជ​គុណ មាស សុខ លោក​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​ពីឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៤ លោក​បាន​ជួយ​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា ដោយ​បាន​កសាង កុដិ​២ខ្នង ធ្វើ​អំពី ឈើ​ប្រក់​ក្បឿង ជា​អំណោយ​របស់ ឧបា​សក យស់ ឌុល និង​ឧបា​សិកា វ៉ា ណោ ធ្វើ​របង​ព័ទ្ធ​ជុំវិញ និង​គូរ​គំនូរ​ព្រះ​វិហារ កសាង សា​លា​ឆាន់​១ខ្នង ជា​អំណោយ​របស់​ឯក​ឧត្តម ងួន សឿ និង​លោក​ជំទាវ ផឹង ឡៃយ៉ើ ធ្វើ​ខ្លោង​ទ្វារ​២​ខាងជើង ជា​អំណោយ​របស់ ឯក​ឧត្តម វ៉ា សំអុល និង​លោក​ជំទាវ នូសុផានី ចៅ​អធិការ​អង្គ​នេះ​បាន​កាន់​ដំណែង​ជា​ចៅ​អធិការ​បាន ៨វស្សា ក៏​បាន​លា​ចាក​សិក្ខា​បទ​ទៅ​ជា​ឃរា​វាស​វិញ។

៩.ព្រះ​តេជ​គុណ​ គង់ សា​ម៉ុន បាន​បន្ត​ដំណែង​ពី​ឆ្នាំ ២០០៤ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ លោក​មាន​ស្មារតី​ស្នេហា​ជាតិ​កំរិត​ខ្ពស់ បាន​ខិត​ខំ​ដឹក​នាំពុទ្ធ​បរិស័ទ ស្ថាបនា កុដិ​ហោ​ត្រ័យ ១ខ្នង ជួស​ជុល​កុដិ​បាន​២​ខ្នង សាលា​រៀន​១​ខ្នង​មាន ៦បន្ទប់ ដឹក​នាំ​ដោយ​ឯក​ឧត្តម ញ៉ែម សារ៉ន ដែល​ជា​អំណោយ​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កសាង​សាលា​ខាន់​១ខ្នង ដែល​មាន​បណ្ដោយ ២៩ម ទទឹង ២១ម បាន​ហើយ​៨០% បង្គន់​អនាម័យ​៣ បន្ទប់ អាង​ទឹក១ ម៉ាស៊ីន​ភ្លើង​២គ្រឿង ចាក់​ដី​ក្នុង​ទីធ្លា​វត្ត និង​ដាំ​កូន​ឈើ កសាងព្រះវិហារ ក្រាលផ្លូវបេតុង២ខ្សែខាងមុខព្រះវិហារ ខាងមុខសាលាឆាន់ ចាក់សាបធ្វើរបងខាងត្បួងសាលារៀន កសាងស្រះទឹក កសាងចេតិយរួម របងខាងមុខវត្ត កសាងដងទង់ កសាងកញ្ចុះ ២ ខាងក្រោយព្រះវិហារ កសាងសួនបណ្ដុះកូនឈើ កសាងកញ្ចុះធ្វើពីឈើ ២ខ្នង កសាងបង្គន់អនាម័យ ៩ បន្ទប់ កសាងសួនច្បារចាក់ បេតុងជុំវិញព្រះវិហារ កសាងក្លោងទ្វាខាងត្បួងវត្ត ជីកស្រះទឹកចាក់ដីបំពេញទីធ្លារវត្ត កសាងឡដុតសម្រាម និងជីធម្មជាតិ កសាងបច្ឆាបូជាសព ។


* រូប​ភាព​ផ្សេង​ទៀត របស់​យើង​ខ្ញុំ ៖



 

Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.