ជ័យជំនះម្យ៉ាងដែលមនុស្សកម្រយកបាន
គឺការឈ្នះខ្លួនឯង ។
មនុស្សដែលបានទទួលជ័យជំនះលើខ្លួនឯងនេះ
ឈ្មោះថាបុគ្គលប្រសើរលើសលប់នឹងយកជំនះអ្វី
ឬជំនះលើសត្រូវណាមកប្រៀបផ្ទឹមស្មើពុំបានឡើយ។ការឈ្នះខ្លួនឯងគឺ
ឈ្នះកិលេសទាំងពួងដែលនៅត្រាំនៅក្នុងសណ្ដានចិត្តនេះ ដោយមិនសេសសល់ ហើយដែលមិនអាចត្រឡប់ចាញ់វិញបាន។
ពាក្យថា
អត្តាដែលប្រែថាខ្លួនក្នុងទីនេះសំដៅយកតួចិត្ត ចិត្តនេះតែងមានគ្រឿងត្រាំនៅជាមួយគឺកិលេស
ៗនេះស្ថិតនៅក្នុងកាយគឺអត្តភាពនេះឯង។បុគ្គលដែលពុំបានទូន្មានចិត្តអោយល្អទេ
ចិត្តនេះតែងដឹកនាំខ្លួនគឺអត្តភាពនេះអោយទទួលទុក្ខលំបាក មានតាំងពីការចង្អៀតចង្អល់រហូតទល់ទទួលទណ្ឌកម្មខាងរាងកាយមានការវាយដំច្រំធាក់ពីជនដទៃ
ការជាប់គុកច្រវាក់ខ្នោះឃ្នាងជាដើម។
ចិត្តជាធម្មជាតិមានភារៈជាអ្នកចាត់ការបង្គាប់បញ្ជារាងកាយអោយធ្វើសកម្មភាពគឺធ្វើអំពើអាក្រក់និងអំពើល្អ
បុណ្យបាប។បើយើងធ្វើអំពើល្អ ជាកុសលក៏បានសុខសួស្ដី តែបើធ្វើអំពើអាក្រក់ជាអកុសល
ក៏បានទទួលទុក្ខទោសទៅវិញ។បុគ្គលកាលបើពុំបានទូន្មានអោយបានបែបបទ សណ្ដាប់ធ្នាប់ប្រកបដោយសីលធម៌សមគួរទេ
ក៏តែងនឹងបានទុក្ខវេទនាលំបាកលំបិនជាមិនខាន។ពិតមែនហើយ
តួចិត្តជាធម្មជាតិគ្មានរូបរាងកាយក៏ដោយ
តែជាធម្មជាតិគេទូន្មានបានលំបាកណាស់។ផ្ទុយទៅវិញបើបុគ្គលចេះទូន្មានចិត្តធ្វើអោយមានបទបែបស្ថិតនៅក្នុងសីលធម៌ល្អហើយក៏តែងបានសុខធូរស្រាលពីទុក្ខភ័យជាដ៏រាប។គឺការដែលបុគ្គលបានធ្វើចិត្តអោយល្អនេះហើយដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា
ជាអ្នកមានជ័យជំនះលើខ្លួន
គឺខ្លួនពុំបានដើរផ្លូវខុសទៅរកទុក្ខភយន្តរាយអព្វមង្គលណាដែលនាំអោយមាននោះឯង។
ការទូន្មានចិត្តគឺការស្ដាប់
ព្រះបរមពុទ្ធោវាទ ឯមនុស្សពុំបានទូន្មានចិត្តគឺពុំស្ដាប់ដំបូន្មានផ្សេងៗ
ពុំយកហេតុការណ៍ផ្សេងៗ នៅជុំវិញខ្លួនមកពិចារណា អោយដឹងហេតុផលទេ
ក៏តែងតែធ្វើអកុសលកម្មផ្សេងៗ ឬបើត្រូវធ្វើអ្វី ក៏ធ្វើតាមអំណាចចិត្ត
បើជួបប្រទះវត្ថុដែលគាប់ចិត្ត ឬចង់បានលើសលប់ កាលជួបប្រទះរបស់ដែលមិនគាប់ចិត្ត
ក៏មានសចក្ដីថ្នាំងថ្នាក់កើតឡើងរហូតដល់ហ៊ានប្រហារកាប់សម្លាប់គេ
ឬគែបបួលអោយទៅធ្វើបាបក៏ដោយ មិនបានពិចារណាដល់ហេតុផលល្អអាក្រក់អ្វីឡើយ។យ៉ាងនេះឈ្មោះថា
តាំងនៅក្នុងមោហៈ គឺការវង្វេងពិតក្នុងហេតុការណ៍ បណ្ដោយអោយសេចក្ដីវង្វេងគ្របសង្កត់
នាំអោយឃើញថា ល្អក្នុងអំពើទុច្ចរិតដែលជាផ្លូវខុសចាកគន្លងព្រះពុទ្ធសាសនា។សេចក្ដីអាក្រក់ទាំងនេះឯងតែងធ្វើអោយបុគ្គលបានទទួលទុក្ចទោសគ្រោះថ្នាក់ជាអពមង្គលជានិច្ច
ព្រោះជាផ្លូវហូរមកនូវកិលេសដែលជាឫសអកុសល ធម៌។កាលបើបុគ្គលដឹងច្បាស់ហេតុអាក្រក់ណាៗ
ហើយរកឧបាយមិនអោយខ្លួនលង់ទៅក្នុងហេតុនោះៗ
ដោយវិធីប្រតិបត្តិតាមដោយខ្លួនបានស្ដាប់បានចេះដឹង ឬ
ពិនិត្យឃើញជាក់ថាខ្លួនតាំងស៊ប់ក្នុងផ្លូវល្អហើយ ទើបឈ្មោះថាឈ្នះខ្លួន
គឺឈ្នះចិត្តអាក្រក់នេះឯង។
ហេតុនោះបុគ្គលដែលរកឧបាយរក្សាខ្លួនមិនអោយប្រព្រឹត្តអាក្រក់ដូចពោលមកហើយ
ត្រូវមានសតិប្រុងប្រយ័ត្ន ប្រកបដោយបញ្ញាដឹងច្បាស់ហេតុផលនៃសេចក្ដីអាក្រក់
បើទោះជាកិលេសទាំងឡាយ នឹងហូរមកចូលតាមទ្វារនៃអាយតនៈ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត
កាយ ក៏ត្រូវមានសតិឃុំគ្រងចិត្តមិនអោយចិត្តប្រព្រឹត្តទៅតាមអំណាចនៃកិលេស
សង្កេតមើលខ្លួនថា តើនឹងធ្លាក់ចុះទៅកាន់សេចក្ដីអាក្រក់តាមផ្លូវណាហើយការពារខ្លួនមិនអោយបរាជ័យ
ធ្លាក់ទៅជាឈ្លើយនៃសេចក្ដីអាក្រក់ដោយការប្រើសតិ និងយោនិសោមនសិការ
ព្រមទាំងបញ្ញាជាសាស្ត្រាវុធទុក្ខតយុទ្ធនឹងសឹកសត្រូវគឺកិលេស អោយបានជ័យជំនៈរហូត
មិនត្រឡប់ចាញ់វិញទៀតជាដាច់ខាតទើបបាននាមបញ្ញត្តិតាមសាសនោវាទថា
ជាអ្នកឈ្នះខ្លួនព្រោះថា កាលបើឈ្នះខ្លួនឯងហើយ សត្រូវទាំងឡាយក៏ឈ្មោះថា
ខ្លួនបានឈ្នះដែរ។
ដកស្រង់ពីសៀវភៅ សាសនសុភាសិត

0 comments:
Post a Comment