Saturday, July 8, 2017

វស្សូបនាយិកាកថា


(បាលី:វស្សា; សំស្ក្រឹត:वर्षा; ខ្មែរ: វស្សា; ថៃ:พรรษา; លាវ:ພັນສາ; ភូមា:ဝါတွင်း; កូរ៉េ:안거)
...ថ្ងៃនេះជាថ្ងៃ ១រោច ខែអាសាធ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ជាថ្ងៃដែលព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ចូលកាន់ព្រះវស្សា កំណត់អស់កាលត្រីមាស។
...ការចូលវស្សាមានពុទ្ធានុញ្ញាតទុកថា៖
 "អនុជានាមិ ភិក្ខវេ វស្សានេ វស្សំ ឧបគន្តុំ ។ល។ ទ្វេ វស្សូបនាយិកា"
តថាគតអនុញ្ញាតឲ្យចូលវស្សាក្នុងរដូវភ្លៀង។
...ការចូលវស្សាមាន ២ គឺ:
១. បុរិមកា វស្សូបនាយិកា: ការចូលវស្សាអំពីដំបូង (ថ្ងៃព្រះចន្ទពេញវង់ សោយអាសាឡ្ហឫក្សកន្លងទៅហើយ គឺជាថ្ងៃ ១រោចខែអាសាធ តាមកម្ពុជប្រទេសចារិតនេះ ជាថ្ងៃចូលវស្សាដំបូង)

២. បច្ឆិមិកា វស្សូបនាយិកា: ការចូលវស្សាខាងក្រោយ (ថ្ងៃព្រះចន្ទពេញវង់ សោយអាសាឡ្ហឫក្សកន្លងទៅហើយមួយខែ គឺថ្ងៃ១រោចខែស្រាពណ៍)។

កាលចូលវស្សាគប្បីប្រតិបត្តិវិហារ បោសច្រាស តាំងទឹកឆាន់ ទឹកប្រើទុក ធ្វើសាមីចិកម្មទាំងឡាយ មានថ្វាយបង្គំព្រះចេតិយជាដើមស្រេចហើយ គប្បីបញ្ចេញវាចាថា៖ "ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ" ដូច្នេះ១ដង ២ដង ឬ៣ដង ចូលវស្សាចុះ។

បើមានអាល័យថា យើងនឹងនៅទីនេះ តែដោយមិនមានសតិ មិនបានចូលវស្សាដោយបញ្ចេញវាចា សេនាសនៈដែលខ្លួនកាន់យកហើយ អំពីសង្ឃ ក៏ឈ្មោះថា កាន់យកដោយប្រពៃ វស្សាមិនដាច់។ ទោះបីមិនបានបញ្ចេញវចីភេទ ដោយធ្វើត្រឹមចិត្តុប្បាទដែលគិតថា យើងនឹងនៅចាំវស្សាក្នុងទីនេះដូច្នេះ ក៏ឈ្មោះថា កាន់យកដោយប្រពៃ វស្សាមិនដាច់។

...ដល់ថ្ងៃចូលវស្សា មិនបានប្រាថ្នានឹងចូលវស្សា ក្លែងកន្លងដើរចៀសទៅចាកអាវាស ត្រូវអាបត្តិទុក្កដ។

...ចាំវស្សាដោយមិនមានសេនាសនៈ ត្រូវអាបត្តិទុក្កដ។ សេនាសនៈប្រក់ដោយគ្រឿងប្រក់ទាំង៥ណាមួយ នឹងប្រកបដោយទ្វារសម្រាប់បិទបើកបាន មិនមានដល់ភិក្ខុណា ភិក្ខុនោះឈ្មោះថា មិនមានសេនាសនៈ។

... ចាំវស្សាក្នុងខ្ទមខ្មោច ក្នុងឆត្រ (ប្រក់ឆត្រពីលើ) ក្នុងពាង ក្នុងរូងឈើ ក្នុងប្រគាបឈើ ទាំងអម្បាលនេះ ត្រូវអាបត្តិទុក្កដ។ ប៉ុន្តែក្នុងប៉ាឆានឹងធ្វើកុដិដទៃឡើង ចាំវស្សាក៏គួរ។

...ពាក្យថា "ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ" ប្រែថា យើងចូលទៅជិតកាន់វស្សាអស់ត្រៃមាស ក្នុងវិហារនេះ។ ឯ"វិហារ"សព្ទនេះ ក្នុងបាលីច្រើនជាឈ្មោះនៃកុដិ ក្នុងអដ្ឋកថាខ្លះថា ជាឈ្មោះនៃកុដិ ខ្លះថាជាឈ្មោះនៃវត្ត ក្នុងបទនេះជាឈ្មោះនៃកុដិឬវត្តក៏មិនប្រាកដ ព្រោះហេតុនោះ អធិដ្ឋានវស្សាព្រមគ្នាក្នុងទីប្រជុំហើយ មកដល់កុដិអថិដ្ឋានដោយពាក្យទាំងនោះទៀត ទើបជាការល្អ សមដូចបាលីថា "បាដិបទេ វិហារំ ឧបេតិ សេនាសនំ បញ្ញាបេតិ"ដូច្នេះ។ មួយទៀត ក្នុងទីប្រជុំពោលព្រមគ្នាថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ" ដូច្នេះកបាន ដ្បិតថា អាវាសសព្ទ ក្នុងបាលីថា ឈ្មោះនៃវត្តដោយច្រើន។

...ពាក្យអធិដ្ឋានវស្សាសោត ក៏មិនមែនបាលីព្រះពុទ្ធដីកា គ្រាន់តែជាពាក្យអដ្ឋកថា ព្រោះហេតុនោះ ទើបពោលថា ធ្វើតែសេចក្តីអាល័យក៏បាន។

...ម្យ៉ាងទៀត បូរាណគតិតមក លោកប្រាប់ខេត្តវត្ត នឹងបា្រប់ឲ្យស្គាល់អរុណ អរុណក្រហមរះឡើងមកហើយ ភិក្ខុអាចចេញចាកវត្តបាន បើចូលវត្តវិញ ឲ្យទាន់អរុណស មុនអរុណក្រហម៕
____________________________________



Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.