ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងលាជទេវធីតា ។ កាលពីនាងនៅជាមនុស្សលោក នាងជាអ្នកធ្វើស្រែ បានប្រគេនលាជ ជាច្រើន ដល់ព្រះមហាកស្សបៈ លុះដល់នាងធ្វើមរណកាលទៅ ក៏បានទៅកើត ក្នុងឋានតាវតឹង្ស នាងដឹងថា សម្បត្តិ ដែលខ្លួនបានមកនេះ ព្រោះអាស្រ័យព្រះមហាកស្សបៈ នាងប្រាថ្នានឹងតបស្នងសងគុណដល់ព្រះថេរៈ ហើយបានមកបោសសម្អាត បរិវេណព្រះវិហារ ដងទឹកសម្រាប់ស្រង់ និង ទឹកសម្រាប់ឆាន់ អស់រយៈពេល ៣ ថ្ងៃ ។
នៅថ្ងៃទី ៣ ព្រះថេរៈ ដឹងច្បាស់ហើយ ក៏បានបណ្តេញនាងចេញ ហាមមិនឲ្យនាងធ្វើយ៉ាងនេះ តទៅទៀត ។ នាងទេវធីតា បានអាក់អន់ចិត្ត យ៉ាងខ្លាំង ហើយបានប្រណម្យអញ្ជលីស្រែកយំ លើអាកាស។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ទៅកាន់នាងលាជទេវធីតា ថា “ម្នាលទេវធីតា ការធ្វើសេចក្តីសង្រួម ជានាទី របស់ព្រះមហាកស្សបៈ ការធ្វើបុណ្យ ជានាទី របស់បុគ្គលអ្នកប្រាថ្នាចង់បានបុណ្យ ព្រោះការធ្វើបុណ្យតែងបានសេចក្តីសុខ ក្នុងលោកនេះផង ក្នុងបរលោកផង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ តម្ហិ ឆន្ទំ កយិរាថ សុខោបុញ្ញស្ស ឧច្ចយោ ។
បើបុគ្គលធ្វើបុណ្យ គួរធ្វើបុណ្យនោះរឿយៗ គួរធ្វើសេចក្តីពេញចិត្ត ក្នុងបុណ្យនោះផង ព្រោះថា ការសន្សំបុណ្យ តែងបាន សេចក្តីសុខ ។
ធម្មទាន ភិក្ខុ សោម វិឆ័យ

0 comments:
Post a Comment